Breaking News

ដំបៅ​មិន​ឈឺ កុំ​យក​ឈើ​រុក បើ​នៅ​លីវ​ហើយ​គ្មាន​បញ្ហា ​ខំ​ប្រញាប់​រក​គូ​ធ្វើ​អី?

ពាក្យ​ចាស់​តែង​ពោល​ថា៖ "ដំបៅ​មិន​ឈឺ កុំ​យក​ឈើ​រុក"។ រឿង​មនោសញ្ចេតនា​ក៏​ដូច​គ្នា ប្រសិន​បើ​កំពុង​នៅ​ម្នាក់​ឯង ហើយ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង កុំ​បង្ខំ​យក​មនុស្ស​ម្នាក់​មក​ធ្វើ​បាប​ខ្លួន​អី។


មិត្ត​ខ្ញុំ​តែង​សួរ​ថា​ហេតុ​អី​ខ្ញុំ​មិន​រក​ម្នាក់​ស្រលាញ់​ទៅ​ដើម្បី​ឲ្យ​រវល់​ខ្លះ? ហេតុ​អី​មិន​ស្រលាញ់​អ្នក​ណា​ម្នាក់​ទៅ​ឲ្យ​ស្បើយ​ភាព​ឯកា ហើយ​មាន​គូ​នឹង​គេ? តែ​ខ្ញុំ​គិត​ថា សំនួរ​ទាំង​នេះ​គឺ​ពិបាក​ពេក​ហើយ ព្រោះ​ស្នេហា​មិន​មែន​ជា​អ្វី​ដែល​ចង់​បាន​គឺ​បាន​នោះ​ទេ។ ពេល​ខ្លះ​យើង​ប្រញាប់​ពេក នាំ​តែ​ឱប​ទុក្ខ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ ប្រសិនបើ​អារម្មណ៍​ខាង​ក្នុង​ចិត្ត​អ្នក​មិន​ទាន់​គិត​ថា​វា​គឺ​ជា​ស្នេហា គ្រាន់​តែ​ស្រដៀង ឬ​អ្នក​បង្ខំ​គេ​ឲ្យ​មាន​អារម្មណ៍​ដូច​នេះ​នោះ សូម​កុំ​ទាន់​ប្រញាប់​អី។ ព្រោះ​មិន​មែន​អ្នក​ណា​ក៏​សំណាង​ទទួល​បាន​ស្នេហា​ពិត​នោះ​ឡើយ។ មាន​អ្នក​ខ្លះ មាន​ស្នេហា​មុន​អ្នក ក៏​មិន​តិច​អ្នក​ដែរ​ដែល​មាន​ស្នេហា​ក្រោយ​អ្នក នៅ​តែ​គ្មាន​បញ្ហា ពិភពលោក​នៅ​តែ​វិល ជីវិត​នៅ​តែ​បន្ត។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​គ្មាន​អារម្មណ៍​នឹង​ស្នេហា​នោះ​ទេ គ្រាន់​តែ​ខ្ញុំ​ប្រុង​ប្រយ័ត្ន​នឹង​រឿង​បែប​នេះ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ចូលចិត្ត​មនោសញ្ចេតនា​បែប​ប្រញាប់ប្រញាល់ ប្រថុចញ៉ុច មាន​ឲ្យ​តែ​មាន ដើម្បី​អួត​គេ ឬ​បង្គ្រប់​កិច្ច​ជា​កូន​ល្អ​នោះ​ទេ។

និយាយ​រួម​ទៅ កំឡុង​ពេល​នៅ​លីវ បើ​ទោះ​ជា​មិន​សូវ​សប្បាយ​ចិត្ត​មែន​ពិត ក៏​វា​មិន​អាក្រក់​ណាស់​ណា​ដែរ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​វា​បង្រៀន​ឲ្យ​យើង​ចេះ​រឹង​មាំ​ដែរ។ មនុស្ស​អស់​ធំ​អស់​ហើយ ទោះ​ពេល​ខ្លះ​ឯកា ក៏​ត្រូវ​តែ​ជម្នះ​ឲ្យ​បាន។ ស្រលាញ់​គ្នា​ដើម្បី​ទទួល​បាន​សុភមង្គល​អ្នក​ណា​មិន​ចង់ តែ​បើ​ស្រលាញ់​ដើម្បី​តែ​ឈឺចាប់ សុខ​ចិត្ត​នៅ​អេ​សិន​ក៏​បាន។ មុន​ពេល​រក​បាន​មនុស្ស​ដែល​យើង​គិត​ថា ត្រឹម​ត្រូវ​សម្រាប់​ជីវិត​យើង នៅ​លីវ​សិន​ទៅ ព្រោះ​នៅ​លីវ​មួយ​ជីវិត​ទៅ​ហើយ គ្មាន​បញ្ហា​អី​ផង៕

No comments