Breaking News

Samsung និង​ LG និយាយ​ថា​គ្មាន​គំនិត​ដូច Apple

​Apple ​​បាន​ជួប​រឿង​ក្រពុល​មុខ​ជា​ច្រើន​ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​សារភាព​ថា​បាន​​បន្ថយ​ល្បឿន​ដំណើរ​ការ​ iPhone ដែល​មាន​ថ្ម​ចាស់ៗ​ ដើម្បី​ទប់​ស្កាត់​​កុំ​ឲ្យ​​ទូរសព្ទ​​រលត់​ដោយ​ខ្លួន​ឯង។ ទាក់​ទង​នឹង​រឿង​ដ៏​រសើប​នេះ​ ក្រុមហ៊ុន​ស្មាតហ្វូន​ធំៗ​ដទៃ​​រួម​មាន​ Samsung, LG, HTC និង Motorola បាន​និយាយ​ថា​ ពួក​គេ​មិន​បាន​​​បន្ថយ​ល្បឿន​ទូរសព្ទ​ចាស់ៗ​​ដូច​ Apple នោះ។


​តាម​រយៈ​អ៊ីមែល​ Samsung បាន​និយាយ​ថា ៖ "ពួក​យើង​មិន​បន្ថយ​ល្បឿន​ CPU តាម​រយៈ​ការ​អាប់ដេត​Software ​​លើ​ស្មាតហ្វូន​ដែល​មាន​អាយុ​កាល​យូរ​នោះ​ទេ”។ ក្រុមហ៊ុន​ LG ក៏​បាន​ឆ្លើយ​តប​ស្រដៀង​គ្នា​នេះ​ថា ៖ "មិន​ដែល​មាន​ ហើយ​ក៏​នឹង​គ្មាន​ដែរ! យើង​តែង​យក​ចិត្ត​ទុក​ដាក់​​​លើ​ការ​យល់​ឃើញ​របស់​​អតិថិជន​​យើង​ជានិច្ច”។




ចំណែកអ្នក​នាំ​ពាក្យ​នៃ​ក្រុមហ៊ុន​តៃវ៉ាន់ HTC បាន​បញ្ជាក់ ការ​ផលិត​ស្មាតហ្វូន​របស់​យើង ពុំ​បាន​ធ្វើ​អ៊ីចឹង​ឡើយ។ ខណៈ Motorola ក៏​និយាយ​ស្រដៀង​គ្នា "យើង​សូម​បដិសេធ​ជុំវិញ​ការ​បង្ក​ផល​ប៉ះពាល់​ដល់​ល្បឿន CPU ផ្អែក​តាម​អាយុកាល​កាន់​តែ​ចាស់​របស់​ថ្ម"។


ការ​ឆ្លើយ​តប​​ខាង​លើ​នេះ​ អាច​ចាប់​ផ្ដើម​បញ្ជាក់​ថា​ ក្នុង​សហគ្រាស​ទូរសព្ទ​នេះ​មាន​តែ​ Apple ប៉ុណ្ណោះ​ដែល​បាន​អនុវត្តន៍​វិធីសាស្ត្រ​បន្ថយ​ល្បឿន​ទូរសព្ទ​ដែល​មាន​ថ្ម​ចាស់ៗ។ យ៉ាងណាក្ដី​ Apple បាន​បក​ស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ iPhone ​ដែល​មាន​ថ្ម​ចាស់​អាច​ប្រើ​បាន​យូរ​​ដូច​មុន​​ ទោះ​បី​ជា​ថាមពល​ថ្ម​​មិន​សូវ​កាន់​ដូច​មុន​ក្ដី។ ក្រុមហ៊ុន​យក្ស​អាមេរិក​នេះ​ ក៏​បាន​ចេញ​សារ​សុំទោស​អតិថិជន​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ ចំពោះ​ការ​បន្ថយ​ល្បឿន​នេះ​ ហើយ​បាន​បញ្ចុះ​តម្លៃ​លើ​ការ​ប្ដូរ​ថ្ម​ថ្មី​ពី​ ៧៩ ដុល្លារ​ មក​នៅ​ត្រឹម​ ២៩ ដុល្លារ​ប៉ុណ្ណោះ៕

No comments