កុមារ​បង​ប្អូន​បួន​នាក់​ស្លាប់​យ៉ាង​អាសូរ ដោយ​សារ​ពុល​ផ្សែង​ធ្យូង​ខ្លួន​ដុត​សម្រាប់​កម្ដៅ​ពេល​ខែ​រងា

នៅ​ Qingshan ខេត្ត Yunnan ប្រទេស​ចិន ក្មេង​ប្រុស​បង​ប្អូន​គ្នា​ចំនួន​បួន​នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ផ្ទះ​របស់​ខ្លួន ក្រោយ​ពួក​គេ​បាន​បង្កាត់​ធ្យូង​ដើម្បី​បាន​ភ្លើង​មក​ឆ្អើរ​កុំ​ឲ្យ​រងា។ ការ​ស្លាប់​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ការ​ពុល​ផ្សែង​ភ្លើង​ធ្យូង​នោះ។
ហេតុការណ៍​នេះ តាម​ការ​ពិត​កើត​តាំង​តែ​ពី​ថ្ងៃ​អាទិត្យ តែ​ទើប​យក​មក​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ល្បី South China Morning Post នា​ថ្ងៃ​នេះ។ ​
កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ឪពុក​ម្ដាយ​ខ្លួន​ចាក​ចេញ​ទៅ​ទីក្រុង Kunming ក្មេង​ទាំង ៤​នាក់​បាន​បង្កាត់​ធ្យូង​ដើម្បី​យក​ភ្លើង​មក​ឆ្អើរ​កុំ​ឲ្យ​រងា។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ភ្លើង​ធ្យូង​ឆេះ​ហើយ​នោះ ពួក​គេ​មិន​បាន​បើក​បង្អួច ឬ​ទ្វារ នោះ​ឡើយ ដែល​នេះ​ធ្វើ​ឲ្យ​មាន​ផ្សែង​ធ្យូង​ពុល​ហ៊ុយ​ក្នុង​ផ្ទះ។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដោយ​មិន​ឃើញ​ក្មេង​ទាំង​នោះ ទៅ​រៀន សាលា​បាន​ទាក់​ទង​ទៅ​ឪពុកម្ដាយ​ពួក​គេ ដើម្បី​សួរ​នាំ​ពី​អវត្តមាន​នេះ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ ឪពុក​ម្ដាយ​ក្មេង​ទាំង​បួន បាន​ទាក់​ទង​ទៅ​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ពឹង​ឲ្យ​ទៅ​ជួយ​ពិនិត្យ​មើល​ស្ថាន​ភាព​នៅ​ផ្ទះ​របស់​ខ្លួន។ ពេល​អ្នក​ជិត​ខាង​ទៅ​ដល់ ទើប​ប្រទះ​ឃើញ​ថា​ក្មេង​ទាំង​បួន​បាន​ស្លាប់​ទៅ​ហើយ។ ការ​ស្លាប់​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាចបណ្ដាល​មក​ពីកុមារាទាំងបួន​​ពុល​ផ្សែង​ភ្លើង​ធ្យូង​ដែលខ្លួនបានដុតកាលពីថ្ងៃអាទិត្យ។ សូម​បញ្ជាក់​ផង​ដែរ​ថា អ្នក​ភូមិ​​ជា​ច្រើន​ក្នុង​តំបន់ Qingshan មាន​ជីវភាព​ក្រីក្រ មិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ម៉ាស៊ីន​កម្ដៅ​ទំនើប​នោះ​ទេ។ នៅ​ខែ​រងា ពួក​គេ​តែង​ដុត​អុស ឬ​ធ្យូង ដើម្បី​បាន​កម្ដៅ។ ទោះជាយ៉ាងណា ការដុតអុស ឬធ្យូងនេះ បើ​ដុតមិនបានត្រឹមត្រូវ អាចបង្កជាផ្សែងពុលច្រើនលើសលប់ ដែល​បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ឬអាចឈាន​ដល់​ស្លាប់បើសិនជាស្រូបផ្សែងនេះក្នុងបរិមាណច្រើនពេក ដូច​ករណី​ខាង​លើ​អីចឹង៕

No comments